ដោយ : មុនី​រ័ត្ន​ (ថ្ងៃទី 22 ធ្នូ 2011,06:27:PM)

ភ្នំពេញ : ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល បាន​​សម្តែង​​ការ​សោកស្តាយ ​ដែល​គណៈ​​កម្ម​ការ​​កំណត់​​អាសនៈ​​រដ្ឋសភា ​នីតិកាល​​ទី​៥ រាជ​រដ្ឋា​ភិបាល និង​​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​​២១ ធ្នូ ឆ្នាំ​​២០១១ បាន​សម្រេច​​មិន​​ធ្វើការ​​កែប្រែ និង​​បង្កើន​​ចំនួន​​អាសនៈ ដើម្បី​អោយ​ស្រប​​តាម​​ការ​​អភិវឌ្ឍ​​នៃ​​ប្រទេស​។ ខុមហ្វ្រែល បាន​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិចារណា​ឡើង​វិញ ដើម្បី​បង្កើន​ចំនួន​អាសនៈ​លើស​ពី ១២៣ សម្រាប់​រដ្ឋ​សភា​អាណត្តិ​​ក្រោយ។

សេចក្តីប្រកាស​របស់​ខុមហ្វ្រែល បាន​លើក​ឡើង​ថា ការ​មិន​សម្រេច​តម្លើង​​ចំនួន​​អាសនៈ​រដ្ឋ​សភា នៅ​អាណត្តិ​ទី៥ នា​ឆ្នាំ២០១៣ ត្រូវ​បាន​រដ្ឋា​ភិបាល​ពន្យល់​​មូលហេតុ​​ដែល​​មិន​គ្រប់​គ្រាន់​ ​អំពី​​តែ​​រឿង​​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​សកល និង​​​ផល​ប៉ះពាល់​​ពី​គ្រោះ​​ទឹក​ជំនន់​កន្លង​មក ​ព្រោះថា មាន​ស្ថាប័ន​​សេដ្ឋកិច្ច ​ក៏​ដូចជា រាជរដ្ឋា​ភិបាល​​ខ្លួន​ឯង បាន​​វាយ​​តំលៃ​​ថា កំណើន​សេដ្ឋកិច្ច​​កម្ពុជា​​ជាង ៦ ភាគរយ ហើយ​​ចាប់ពី​​ឆ្នាំ​២០១២​ទៅ​ នឹង​​អាច​​កើន​​ច្រើន​ជាង ៧ ភាគ​រយ​។

សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​ ខុមហ្វ្រែល ដែល​​បាន​​ផ្សព្វផ្សាយ​​នៅ​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១១​ បាន​លើក​ឡើងថា បើ​ទោះបី​​បង្កើន​​ចំនួន​​អាសនៈ​​សភា​​ចំនួន ៤ ថែម​ទៀត​ ក៏គ្មាន​ប៉ះ​ពាល់​សេ​ដ្ឋកិច្ច​​ទាល់តែ​សោះ ឬក៏​​ប៉ះពាល់​​ថវិកា​ជាតិ​​ធ្ងន់ធ្ងរ​​អ្វី​​នោះ​ដែរ​។ ផ្ទុយទៅវិញ មន្ត្រី​ជាប់ឆ្នោត ដូចជា អ្នកតំណាងរាស្ត្រ​មាន​ច្រើន ​សមាមាត្រ​គ្រប់គ្រាន់​ក្នុងការ​ត្រួតពិនិត្យសមាជិក​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​នយោបាយ​ចាត់តាំង គឺ​ប្រសើរ​ជាង។ ម្យ៉ាងទៀត​អ្នកតំណាងរាស្ត្រ​ មាន​គណនេយ្យភាព​ផ្ទាល់ និង​មានប្រតិកម្ម​ចំពោះ​​ម្ចាស់ឆ្នោត​តាម​មណ្ឌល​ពួកគេ​។

​ ខុមហ្វ្រែល​ ក៏បាន​អំពាវនាវ​អោយ​គណៈកម្មាធិការ​កំណត់​អាសនៈ​រដ្ឋសភា រាជ​រដ្ឋាភិបាល និង​រដ្ឋសភា​ ពិចារណា​ការបង្កើន​សមត្ថភាព លទ្ធភាព និង​ថវិកា ដល់​រដ្ឋសភា​ និង​អ្នកតំណាងរាស្ត្រ​ ដែលពិត​ជាមាន​សារៈសំខាន់​ណាស់​។ ចំពោះ​ថវិកា​អាច​កាត់បន្ថយ​ការចំណាយ​ចរន្ត ​របស់​ក្រសួង​មួយចំនួន ប៉ុន្តែ​ផ្ទេរ​អោយទៅ​រដ្ឋសភា​និង​អ្នកតំណាងរាស្ត្រ​។ រីឯ​ការបន្ថែម​អាសនៈ​នៃ​រដ្ឋសភា ​ជាការ​ទទួលស្គាល់​ភាព​សំខាន់​​ នៃ​អ្នកតំណាងរាស្ត្រ និង​រក្សា​សមតុល្យ​នៃ​អំណាច​រវាង នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ ពោលគឺរវាងរដ្ឋាភិបាល និងរដ្ឋសភា។

​ជាមួយគ្នានេះ ខុមហ្វ្រែល​ក៏បាន​ធ្វើការ​សាកល្បង​គ​ណ​នា​អាសនៈ​បន្ថែម ​ក្នុងន័យ​ស្រប​តាម​សមាមាត្រ​កំណើន នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១០ និង​ភាពសមហេតុ​ផល​ នៃ​ទំហំ​សកម្មភាព​សង្គម​ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ទាំង​នោះ​។ អាសនៈ​បន្ថែម​ថ្មី ​មាន​ចំនួន ៤ ដែល​គួរ​ត្រូវបន្ថែម​ទៅលើ​ខេត្តកណ្តាល សៀមរាប ព្រះសីហនុ និង​បាត់ដំបង​។​

​រដ្ឋសភា ក្នុងកិច្ចប្រជុំ កាលពី​ថ្ងៃទី​២១ ធ្នូ ឆ្នាំ២០១១ បាន​លើកយក​សេចក្តីព្រាងច្បាប់​ស្តីពី​ ការកំណត់​ចំនួន​អ​សនៈ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៥ ត្រឹមតែ ១២៣ អាសនៈ គឺដូចរដ្ឋសភា អណត្តិទី៣ និងទី៤ មក​ធ្វើការ​ពិភាក្សា​ និង​អនុម័ត ​ដោយ​សម្លេងគាំទ្រជាឯកឆ្ឆ័ន្ទ ៧០ លើ ៧០​ សម្លេង៕